អំបូរភាសាអូស្ត្រូអាស៊ី

អំបូរភាសាអូស្ត្រូអាស៊ី​ ឬ​ មន-ខ្មែរ គឺជាអំបូរភាសាមួយដ៏ធំនៃអាស៊ីអាគ្នេយ៍និងអាស៊ីខាងត្បូង។ គេនិយមនិយាយភាសានៅក្នុងអំបូរនេះនៅតាមតំបន់ផ្សេងៗនៃប្រទេសថៃ នេប៉ាល់ បង់ក្លាដែស ភូមា ម៉ាឡេស៊ីឡាវ ឥណ្ឌា​ និងចិនខាងត្បូង ព្រមទាំងទូទាំងប្រទេសកម្ពុជានិងវៀតណាម។​ សរុបមក ភាសានៅក្នុងអំបូរនេះត្រូវបាននិយាយដោយប្រមាណ ១១៧​ លាននាក់​។[១]​​ នៃភាសាទាំងនេះ មាន​តែភាសាខ្មែរ មន និងវៀតណាមដែលមានអក្សរសាស្ត្រពីយូរលង់ណាស់មកហើយ។ បច្ចុប្បន្នកាល មានតែភាសាខ្មែរនិងវៀតណាមដែលគេប្រើជាភាសាផ្លូវការថ្នាក់ជាតិ។ នៅប្រទេសថៃនិងភូមា ភាសាមនត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាភាសាជនជាតិដើមភាគតិច។ នៅប្រទេសភូមា ភាសាវ៉ាត្រូវជាភាសាផ្លូវការរបស់រដ្ឋវ៉ា។ នៅប្រទេសឥណ្ឌា ភាសាសាន់ថាលីត្រូវបានគេទទួលស្គាល់ថាជាភាសាកំណត់ (scheduled language) ដែលអាចប្រើបានជាផ្លូវការ។ ក្រៅពីនេះ​ ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ីសុទ្ធតែជាភាសាដែលត្រូវបាននិយាយដោយជនជាតិដើមភាគតិចនិងមិនមានឋានៈផ្លូវការទេ។

Ethnologue បានកំណត់ថាមាន ១៦៨ ភាសានៅក្នុងអំបូរអូស្ត្រូអាស៊ី ដែលត្រូវបានបែងចែកជា ១៣ អំបូរ។ ភាសាវិទូជាច្រើនបានសន្និដ្ឋានថាអំបូរភាសានេះជាអំបូរភាសាដើមរបស់អាស៊ីអាគ្នេយ៍ដីគោក រីឯអំបូរភាសាផ្សេងៗទៀត (ដូចអំបូរក្រា-ដៃ ជាដើម) បានចូលមកក្នុងតំបន់នេះនៅពេលក្រោយ។[២]